Acts 18

1ក្រោយពីហេតុការណ៍​ទាំងនោះ​លោក​ប៉ូល​ក៏ចាកចេញពី​ក្រុង​អាថែនទៅ​ក្រុង​កូរិនថូស 2នៅក្រុង​នោះ​លោក​ប៉ូល​បាន​ជួប​ជនជាតិ​យូដាម្នាក់ឈ្មោះអ័គីឡា​ជា​អ្នក​ស្រុក​ប៉ុនតុស​និង​នាង​ព្រីស៊ីល​ជា​ប្រពន្ធ​របស់​គាត់​ដែល​ទើបមកពី​ស្រុក​អ៊ីតាលីដ្បិត​ព្រះចៅ​អធិរាជ​ក្លូឌាស​បាន​បញ្ជា​ឲ្យ​ជនជាតិ​យូដាទាំងអស់ចាកចេញពី​ក្រុង​រ៉ូម​លោក​ប៉ូល​ក៏​ចូល​ទៅ​ជួបពួកគេ 3ហើយដោយព្រោះ​អ្នក​ទាំងពីរ​មានមុខរបរជា​អ្នក​ធ្វើតង់ដូចគាត់​គាត់​ក៏ស្នាក់នៅធ្វើការជាមួយពួកគេ 4រៀងរាល់ថ្ងៃសប្ប័ទ​លោក​ប៉ូល​បាន​ជជែក​វែកញែកនៅក្នុងសាលាប្រជុំទាំងពន្យល់​ជនជាតិ​យូដានិងជនជាតិក្រេក​ឲ្យ​មាន​ជំនឿ 5រួចកាល​លោក​ស៊ីឡាសនិង​លោក​ធីម៉ូថេ​បាន​ចុះពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ​លោក​ប៉ូល​ក៏​ជាប់មមាញឹក​ក្នុង​ការ​ប្រកាស​ព្រះ​បន្ទូល​និង​ធ្វើបន្ទាល់ដល់​ជនជាតិ​យូដាថា​ព្រះ​យេស៊ូជា​ព្រះ​គ្រិស្ដ 6ប៉ុន្ដែពេល​ពួកគេ​ចេះ​តែ​ប្រឆាំងនិងជេរប្រមាថ​គាត់​គាត់​ក៏​រលាស់សម្លៀកបំពាក់​រួច​និយាយទៅពួកគេថា៖ ​«ចូរ​ឲ្យ​ឈាម​របស់​អ្នករាល់គ្នា​ធ្លាក់​លើក្បាលអ្នករាល់គ្នា​ចុះ! ​ឯ​ខ្ញុំគ្មានទោស​ឡើយ។ ​ចាប់ពីពេលនេះ​ទៅ​ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​វិញ»។ 7បន្ទាប់មកគាត់​ក៏​ចាកចេញពីសាលាប្រជុំ​រួច​ចូលទៅក្នុងផ្ទះ​របស់​បុរសម្នាក់ឈ្មោះយូស្ទុស​ជា​អ្នកថ្វាយបង្គំព្រះជាម្ចាស់​ដែល​ផ្ទះ​របស់​គាត់នៅជាប់សាលាប្រជុំ 8រីឯលោក​គ្រីសប៉ុស​ជា​ប្រធានសាលាប្រជុំ​និង​ក្រុមគ្រួសារទាំងមូល​បាន​ជឿ​លើ​ព្រះអម្ចាស់ហើយអ្នក​ក្រុង​កូរិនថូស​ជា​ច្រើន​ដែល​បាន​ស្ដាប់​លោក​ប៉ូល​បាន​ជឿនិង​បាន​ទទួល​ពិធី​ជ្រមុជទឹក​ដែរ។ 9នៅយប់មួយព្រះអម្ចាស់មានបន្ទូល​មក​លោក​ប៉ូលនៅក្នុងសុបិននិមិត្ដថា៖ ​«កុំខ្លាចអី​ចូរ​និយាយ​បន្ដ​ទៀត​កុំ​នៅ​ស្ងៀមឡើយ 10ដ្បិតយើងនៅជាមួយអ្នកហើយ​គ្មាន​អ្នក​ណាម្នាក់​អាច​តតាំងធ្វើបាបអ្នក​បាន​ឡើយព្រោះ​មាន​ប្រជារាស្ដ្រ​របស់​យើង​ជា​ច្រើននៅក្នុងក្រុងនេះ»។ 11គាត់ក៏ស្នាក់នៅ​ទីនោះ​អស់​រយៈ​ពេល​មួយ​ឆ្នាំកន្លះ​ទាំង​បង្រៀនព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​ពួកគេ 12ប៉ុន្ដែនៅពេល​លោក​កាលីយ៉ូធ្វើជាអភិបាល​នៅ​ស្រុក​អាខៃ​ជនជាតិ​យូដាបាន​បះបោរ​ព្រមគ្នាប្រឆាំង​លោក​ប៉ូលហើយនាំគាត់ទៅសាលាក្ដី 13ដោយចោទថា៖ ​«អ្នក​នេះ​កំពុងតែ​បញ្ចុះបញ្ចូលមនុស្ស​ឲ្យ​ថ្វាយបង្គំព្រះជាម្ចាស់ផ្ទុយនឹងច្បាប់» 14ប៉ុន្ដែពេល​លោក​ប៉ូលបម្រុងនិយាយ​លោក​កាលីយ៉ូ​បាន​និយាយទៅ​ជនជាតិ​យូដាថា៖ ​«​ជនជាតិ​យូដា​អើយ! ​បើ​បញ្ហា​នេះ​ជាបទល្មើសបទឧក្រិដ្ឋ​នោះ​សម​ឲ្យ​ខ្ញុំស្ដាប់អ្នករាល់គ្នា 15ប៉ុន្ដែបើជាទំនាស់អំពីពាក្យ​សំដី​ឈ្មោះវិន័យ​របស់​អ្នករាល់គ្នា​វិញ​ចូរ​ដោះស្រាយ​ដោយ​ខ្លួនឯង​ទៅ​ខ្ញុំមិនចង់​ធ្វើ​ជាអ្នក​កាត់​ក្ដីរឿង​បែបនេះ​ទេ»។ 16បន្ទាប់មកគាត់​ក៏បណ្ដេញពួកគេចេញពីសាលាក្ដី 17ដូច្នេះពួកគេ​គ្រប់គ្នាក៏ចាប់​លោក​សូស្ថេន​ជា​ប្រធានសាលាប្រជុំ​ហើយ​វាយ​គាត់​នៅមុខសាលាក្ដីប៉ុន្ដែ​លោក​កាលីយ៉ូមិនខ្វល់នឹង​រឿង​នេះឡើយ 18លោកប៉ូល​បាន​ស្នាក់នៅ​ទីនោះ​ជាច្រើនថ្ងៃទៀត​បន្ទាប់មក​គាត់​ក៏ជម្រាបលា​ពួក​បងប្អូន​ចុះ​សំពៅទៅ​ស្រុក​ស៊ីរីជាមួយលោកអ័គីឡានិង​នាង​ព្រីស៊ីល។ ​លោក​ប៉ូល​បាន​កោរសក់នៅ​ក្រុង​កេងគ្រាព្រោះ​គាត់​ត្រូវ​លាបំណន់ 19លុះមកដល់​ក្រុង​អេភេសូរ​លោក​ប៉ូល​បាន​ទុក​អ្នក​ទាំងពីរ​ឲ្យ​នៅ​ទីនោះរួចគាត់ចូលទៅក្នុងសាលាប្រជុំ​ដើម្បី​ជជែក​វែកញែក​ជាមួយ​ជនជាតិ​យូដា 20ហើយពួកគេក៏សុំ​ឲ្យ​គាត់​ស្នាក់នៅយូរបន្ដិច​ប៉ុន្ដែ​គាត់​មិនព្រម​នៅ​ទេ 21ពេលជម្រាបលាពួកគេ​គាត់​បាន​និយាយ​ដូច្នេះ​ថា៖ ​«បើ​ព្រះជាម្ចាស់សព្វព្រះហឫទ័យ​ខ្ញុំ​នឹង​ត្រលប់​មក​អ្នករាល់គ្នាវិញ» ​រួច​គាត់​ក៏​ចុះ​សំពៅ​ចាកចេញពី​ក្រុង​អេភេសូរ 22ពេលមកដល់​ក្រុង​សេសារា​គាត់​ក៏ទៅសួរសុខទុក្ខក្រុមជំនុំ​បន្ទាប់មក​គាត់​ក៏​ចុះ​ទៅក្រុងអាន់ទីយ៉ូក 23ហើយបន្ទាប់ពី​បាន​ស្នាក់នៅ​ក្រុងអាន់ទីយ៉ូក​មួយរយៈពេល​គាត់​ក៏ចាកចេញ​ហើយ​ធ្វើ​ដំណើរ​កាត់​តាមស្រុកកាឡាទីនិង​ស្រុក​ព្រីគា​ទាំង​ពង្រឹង​ពួក​សិស្សទាំងអស់​ឲ្យ​រឹងមាំ 24នៅគ្រានោះ​មាន​ជនជាតិ​យូដាម្នាក់ឈ្មោះអ័ប៉ុឡូស​ជា​អ្នក​ក្រុង​អ័លេក្សានទ្រា​បាន​មកដល់​ក្រុង​អេភេសូរ។ ​គាត់​ជាមនុស្សមានវោហារ​ហើយ​ចេះបទគម្ពីរ​យ៉ាង​ស្ទាត់ 25គាត់បានទទួល​ការ​អប់រំ​តាម​មាគ៌ារបស់ព្រះអម្ចាស់ហើយឆេះឆួល​ខាង​វិញ្ញាណនិងបង្រៀន​បាន​យ៉ាងត្រឹមត្រូវអំពីសេចក្ដីទាំងឡាយ​ដែល​ទាក់ទង​នឹង​ព្រះ​យេស៊ូ​ទោះបី​ជា​គាត់​ស្គាល់ត្រឹមតែ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏ដោយ 26គាត់ចាប់ផ្ដើមប្រកាស​យ៉ាង​មោះមុតនៅក្នុងសាលាប្រជុំហើយ​ពេល​លោកអ័គីឡានិង​នាង​ព្រីស៊ីល​បាន​​ដូច្នេះ​ក៏នាំគាត់មកហើយពន្យល់ប្រាប់គាត់​ថែម​ទៀត​យ៉ាង​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះជាម្ចាស់ 27កាលលោក​អ័ប៉ុឡូសមានបំណងឆ្លងទៅស្រុកអាខៃ​ពួក​បងប្អូន​ក៏​លើក​ទឹក​ចិត្ដ​គាត់​ទាំង​សរសេរ​សំបុត្រ​ទៅ​ពួក​សិស្ស​ឲ្យ​ទទួល​ស្វាគមន៍គាត់​ហើយ​ពេល​គាត់ទៅដល់​គាត់​ក៏​ជួយយ៉ាងច្រើន​ដល់​អស់​អ្នក​ដែល​បាន​ជឿដោយសារ​ព្រះ​គុណ 28ដ្បិតគាត់​ឆ្លើយបំភ្លឺ​ដល់​ជនជាតិ​យូដាយ៉ាងមានអំណាចនៅ​ចំពោះ​មុខ​មហាជន​ទាំង​បង្ហាញតាមបទគម្ពីរថា​ព្រះ​យេស៊ូជា​ព្រះ​គ្រិស្ដ
Copyright information for KhmKCB